បន្ទាន់ចូរប្រុងប្រយ័ត្នបងប្អូន! កម្ពុជា រកឃើញកូវីដបំប្លែងខ្លួនថ្មី «DELTA» សរុប ២២ ករណីហើយពេលនេះ

តាមរយៈប្រសាសន៍ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន នៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២១ ដែលផ្ដល់ដោយគ្រុប ឯកសារមន្ត្រីសាធារណៈ លោកជំទាវបានថ្លែងឱ្យដឹងថា កម្ពុជាយើង បានរកឃើញមេរោគបំលែងខ្លួនថ្មី B.1.617-2 ( DELTA ) លើអ្នកដំណើរចំនួន ១២ ករណីទៀត ដែលនាំឱ្យករណីសរុបកើនឡើងដល់ ២២ ករណី នៅកម្ពុជា ។

ដូច្នេះហើយ ទើបក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាសប្រញាប់មួយច្បាប់ទាំងយប់ នៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២១ កន្លងទៅនេះ ស្ដីពីការពង្រឹងវិធានការចត្តាឡីស័កនៅតាមបណ្តាច្រកព្រំដែននានា និង ការពង្រឹងវិធានការរដ្ឋបាល ចាំបាច់នានា ដើម្បីប្រយុទ្ធទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មីប្រភេទ «Delta» ក្នុងសហគមន៍ ។

ក្នុងនោះក្រសួងក៏បានដាក់ចេញនូវសេចក្ដីណែនាំដូចខាងក្រោម ៖
១. អនុវត្តវិធានការធ្វើចត្តាឡីស័កនៅមណ្ឌលធ្វើចត្តាឡីស័កមាត់ច្រកព្រំដែន ចំពោះអ្នកដំណើរទាំងអស់ ដែលធ្វើដំណើរឆ្លងចូលមកក្នុងប្រទេសកម្ពុជា ដោយមិនធ្វើការដឹកជញ្ជូនបន្ត ដើម្បីយកទៅធ្វើចត្តាឡីស័ក នៅតាមភូមិ ឃុំទៀតទេ។

២. បង្កើនការពង្រឹងការគ្រប់គ្រងច្រកព្រំដែន ជាពិសេស ច្រករបៀង ចៀសវាងការជ្រៀតឆ្លងព្រំដែនចូល មកក្នុងប្រទេសកម្ពុជាដោយខុសច្បាប់ ដែលបង្កហានិភ័យក្នុងការចម្លងមេរោគបំប្លែងខ្លួនថ្មី ចូលក្នុងសហគមន៍។

៣-ពង្រឹងការអនុវត្តវិធានការ ទាំងផ្នែករដ្ឋបាល ទាំងផ្នែកសុខាភិបាល សំដៅបង្ការ គ្រប់គ្រង និងកាត់ផ្តាច់ នូវខ្សែរយៈចម្លងនៃមេរោគកូវីដ-១៩ ប្រភេទថ្មីនេះ នៅតាមមូលដ្ឋានដែលត្រូវបានរកឃើញអ្នកដែលបានឆ្លងជំងឺនេះ ៕

Add a Comment

Your email address will not be published. Required fields are marked *