ថ្ងៃនេះ ១៣ ឆ្នាំមុន ប្រាសាទព្រះវិហារបានចុះបញ្ជី ជាសម្បត្តិបេតិកភណ្ឌពិភពលោក កូនខ្មែរចាំមិនភ្លេចឡើយ

អបអរសាទរ ខួប ១៣ ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ។ នៅថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០២១ នេះ ជាខួប ១៣ ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ។ ព្រឹត្តិការណ៍ដែលបានកើតឡើងកាលពីថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០០៨ កន្លងទៅ ត្រូវបានប្រជាជនខ្មែរ ក៏ដូចជាមហាជនទូទៅ ចាត់ទុកជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយ បើគិតចាប់តាំងពីកម្ពុជាទទួលបានប្រាសាទព្រះវិហារ ដ៏ពិសិដ្ឋមួយនេះ ក្រោយពីបានឈ្នះក្តីលើប្រទេសថៃ នៅតុលាការអន្តរជាតិនាទីក្រុងឡាអេ កាលពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ១៩៦២ ។

គួររំឭកផងដែរថា កាលពីថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០០៨ កន្លងទៅ ប្រាសាទព្រះវិហារ ដែលជាប្រាសាទដ៏ពិសិដ្ឋរបស់កម្ពុជា ដែលស្ថិតនៅលើភ្នំដងរែក ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក នាកិច្ចប្រជុំទី ៣២ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ នៅក្នុងទីក្រុងកេបិច នាប្រទេសកាណាដា ។

ក្នុងនាមជាកុលបុត្រខ្មែរ តែងតែចងចាំនូវថ្ងៃដ៏សំខាន់ នឹងត្រៀមអបអរសាទរនូវខួបរំឭកនេះឥតខានឡើយ ដែលគិតមកទល់នឹងថ្ងៃទី ០៧ ខែ កក្កដា ឆ្នាំ ២០២១ នេះ ជាខួបលើកទី ១៣ ហើយ ដែល ប្រាសាទដ៏ពិសិដ្ឋនៃកម្ពុជា បានចុះបញ្ជី ជាសម្បត្តិបេតិកភណ្ឌពិភពលោក ជាក្ដីសោមនស្សរីករាយ នឹងគួរជាទីមោទកភាពក្រៃលែងសម្រាប់ប្រជាជនខ្មែរគ្រប់រូប ៕

Add a Comment

Your email address will not be published. Required fields are marked *