នេះជាស្នាដៃរបស់កូនខ្មែរម្នាក់ទៀតហើយល្អខ្លាំងណាស់! ក្រសួងកសិកម្មបង្ហាញឧបករណ៍ដាំគ្រាប់ស្រូវជាជួរ

តាមប្រពៃណីជាយូលង់ ការដាំដុះដំណាំស្រូវរបស់កសិករកម្ពុជាគឺចាប់ផ្តើមពីការត្រាំគ្រាប់ពូជស្រូវ យកទៅសាប បន្ទាប់មកដកសំណាបយកទៅស្ទូង ដោយឡែកនៅតំបន់វាលទំនាបធំល្វឹងល្វើយ កសិករភាគច្រើន ព្រោះគ្រាប់ពូជស្រូវយកជាការស្រេច ដែលវិធីទាំងពីរនេះ ចាំបាច់ត្រូវប្រើកំលាំងមនុស្ស ហើយការប្រើពលកម្មមនុស្ស ធ្វើឲ្យខ្សែច្រវាក់ផលិតកម្មដំណាំស្រូវ ខាតបង់ពេលវេលា ពលកម្មមនុស្ស និងគ្មានប្រសិទ្ធភាពសេដ្ឋកិច្ច។ដោយសារបច្ចេកវិទ្យាគ្រឿងយន្តកសិកម្មទំនើបៗទាន់ សម័យ បានចូលមកបំពេញតួនាទី ជំនួសឲ្យពលកម្មមនុស្ស ធ្វើឲ្យកំលាំងពលកម្មមនុស្សក្នុងវិស័យកសិកម្ម បានធ្លាក់ចុះ ជាបន្តបន្ទាប់ ពីមួយឆ្នាំទៅមួយឆ្នាំ។ ឆ្វេងយល់ពីបញ្ហានេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានកំណត់ចក្ខុវិស័យក្នុងការកែទម្រង់ស៊ីជម្រៅដើម្បីប្រែក្លាយកសិកម្មកម្ពុជាឱ្យមានលក្ខណៈទំនើប ប្រកួតប្រជែង បរិយាប័ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាព និងបង្កើនប្រាក់ចំណូល តាមរយៈការបង្កើនពិពិធកម្មកសិកម្ម ពាណិជ្ជូបនីយកម្ម និងយន្តូបនីយកម្ម។

ដើម្បីជំរុញការប្រើប្រាស់គ្រឿងយន្តកសិកម្ម ក្រសួងបានគាំទ្រ ជំរុញ លើក ទឹកចិត្ត និងសហការជាមួយដៃគូអភិវឌ្ឍន៍នានា អង្គការមិនមែនរដ្ឋាភិបាល សមាគម និងក្រុមហ៊ុនផលិត និងចែកចាយគ្រឿងយន្តកសិកម្មដែលមានក្នុងស្រុកឲ្យបង្កើត ឬច្នៃប្រឌិតគ្រឿងយន្ត និងឧបករណ៍ផ្សេងៗដែលមានលក្ខណសាមញ្ញា ងាយប្រើ តម្លៃសមរម្យ ដើម្បីកាត់បន្ថយថ្លៃដើមដែលចំណាយលើការទិញគ្រឿងយន្ត ឬឧបករណ៍ទាំងអស់នោះពីក្រៅប្រទេស។ដោយទទួលបានការគាំទ្រពីក្រសួង សមាគមកសិកម្មឈ្លាសវៃ (Agri Smart Association) ដែលត្រូវបានបង្កើតឡើងនៅអំឡុងឆ្នាំ២០១៥ តាមរយៈការគាំទ្រថវិកាដោយ Brooklyn Bridge to Cambodia (BB2C) និងកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា−អូស្ត្រាលី ហៅកាត់ថា CAVAC បានច្នៃបង្កើតឧបករណ៍ដាំគ្រាប់ស្រូវជាជួរ (Eli Rice Seeder) ដែលជាកម្មសិទ្ធិបញ្ញារបស់កូនខ្មែរ។

ប្រើសម្រាប់ព្រោះស្រូវជាជួរ ជំនួសកំលាំងពលកម្មមនុស្ស បង្កើនល្បឿនដាំដុះ កាត់បន្ថយបរិមាណគ្រាប់ពូជ ធ្វើឱ្យដំណាំស្រូវដុះលូតលាស់ល្អ និងទទួលបានទិន្នផលខ្ពស់ ជា មធ្យមប្រើរយ:ពេល ១ហត/ម៉ោង ត្រូវការពលកម្មមនុស្ស ១-២នាក់ ពិសេសជាងនេះ គេអាចប្រើឧបករណ៍នេះភ្ជាប់ជាមួយគោយន្ត ឬត្រាក់ទ័រ ទៅតាមទំហំដី។បច្ចុប្បន្ន ដោយទទួលបានការចាប់អារម្មណ៍ និងគាំទ្រពីកសិករ និងដៃគូអភិវឌ្ឍន៍ជាច្រើន សមាគមកសិកម្មឈ្លាសវៃ បាននិងកំពុងកែលម្អឧបករណ៍នេះជាបន្តបន្ទាប់ឱ្យកាន់តែងាយស្រួលប្រើ មានប្រសិទ្ធភាព សុវត្ថិភាពដល់អ្នកប្រើប្រាស់ និងតម្លៃទាបជាងមុន។

ឃើញពីគុណប្រយោជន៍របស់ឧបករណ៍នេះ នៅក្នុងឱកាសអញ្ជើញចុះពិនិត្យការប្រមូលផលដំណាំស្រូវនៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានចាប់អារម្មណ៍ចំពោះឧបករណ៍នេះ និងកោតសរសើរដល់សមាគម កសិកម្មឈ្លាសវៃ ដែលបានគិតគូ និងផ្តួចផ្តើមគំនិតកែច្នៃឧបករណ៍កសិកម្មនេះឡើង ដើម្បីជួយសម្រាលកម្លាំងរបស់ប្រជាកសិករ

និងជួយជំរុញផលិតកម្មដំណាំស្រូវនៅកម្ពុជា ហើយសម្តេចតេជោបានផ្តល់ឧបករណ៍នេះ ជូនប្រជាកសិករ និងសហគមន៍កសិកម្មក្នុងខេត្តតាកែវចំនួន ១៣០គ្រឿង ខេត្តពោធិ៍សាត់ចំនួន ៥០គ្រឿង ខេត្តបាត់ ដំបងចំនួន ៥០គ្រឿង និងបន្ទាយមានជ័យចំនួន ៥០គ្រឿង ដើម្បីជំរុញល្បឿនស្តារដំណាំស្រូវឡើងវិញបន្ទាប់ពីជំនន់ទឹកភ្លៀង។

តាមរបាយការណ៍ពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានឱ្យដឹងថានៅក្នុងឆ្នាំ២០២១នេះ កសិករដែលទទួលបានឧបករណ៍ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ បានប្រើប្រាស់សម្រាប់ទាំងផលិតកម្មដំណាំស្រូវ និងផលិតកម្មគ្រាប់ពូជស្រូវ។ បច្ចុប្បន្ន អគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត កំពុងសហការជាមួយសមាគមកសិកម្មឈ្លាសវៃ ក្នុងការផ្សព្វផ្សាយ និងជំរុញការប្រើប្រាស់ឧបករណ៍នេះឲ្យបានកាន់តែទូលំទូលាយថែមទៀត៕

Add a Comment

Your email address will not be published. Required fields are marked *