អាធ្យាស្រ័យអ្នកចង់ដើរលេងសមុទ្រ សុំផ្អាកសិន! ជ្រលងកូនព្យុះលើកទី ៦ អ៊ីន-ហ្វា នៅសមុទ្រចិន នឹងឆ្ពោះមកកម្ពុជា ចាប់ពីថ្ងៃនេះ

ក្រសួងធនធានទឹក និង ឧតុនិយម នៅព្រឹកថ្ងៃទី ០៥ ខែ កក្កដា ឆ្នាំ ២០២១ នេះ បានព្យាករណ៍អាកាសធាតុ នៅកម្ពុជា ឱ្យបានដឹងថា ជ្រលងនៃកូនព្យុះ លើកទី៦ អ៊ីន-ហ្វា TS IN-FA 2106 និងខ្យល់មូសុងនិរតី នឹងមានឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ៥, ៦, ៧ និង ៨ ខែកក្កដា ឆ្នាំ ២០២១ ។

លក្ខណះបែបនេះ នឹងធ្វើឱ្យអាកាសធាតុ នៅព្រះរាជាណាចក្រកម្ពុជាមានស្ថានភាពដូចខាងក្រោម ៖
១. បណ្តាខេត្តនៅតំបន់វាលទំនាបជាប់ជុំវិញ ទន្លេសាប និងបឹងទន្លេសាប នឹងមានភ្លៀងធ្លាក់ពី បង្គួរទៅច្រើន និងមានខ្យល់កន្ត្រាក់ក្នុងកម្រិតបង្គួរ ។
២. បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងតាមដងទន្លេមេគង្គ មានភ្លៀងធ្លាក់ ពីបង្គួរទៅច្រើន និង មានខ្យល់កន្ត្រាក់ក្នុងកម្រិតបង្គួរ ។
៣. តំបន់មាត់សមុទ្រ មានភ្លៀងធ្លាក់ ពីបង្គួរទៅច្រើន និងមានខ្យល់កន្ត្រាក់ក្នុងកម្រិតបង្គួរ ជាមួយ រលកសមុទ មានកម្ពស់ជាមធ្យម ។
៤. ស្ថានភាពនៃទន្លេមេគង្គ ចាប់ផ្តើមឡើងបន្តិចជាបន្តបន្ទាប់ ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាម សមុទ្រទាំងអស់ បង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងរាល់គ្រោះថ្នាក់ផ្សេងៗ ដែលអាច កើតមានជាយថាហេតុ ។

យ៉ាងណាមិញតាមរយៈប្រភពដែលនាំឱ្យមានព្យុះបែបនេះ ក្រសួងបានបញ្ជាក់ឱ្យដឹងថា ដោយសារតែនៅ ព្រឹកថ្ងៃទី ៥ ខែកក្កដា ឆ្នាំ២០២១ នេះ មានសម្ពាធទាបសកម្មមួយដែលបានស្ថិតក្នុង សមុទ្រចិន ខាងលិចប្រទេសហ្វីលីពីន និងបង្កើនឥទ្ធិពលទៅជាវិសម្ពាធ TD និងធ្វើដំណើរឆ្ពោះមក ទិសពាយ័ព្យ ។ នៅល្ងាចថ្ងៃដដែលនេះ វិសម្ពាធបានបង្កើនឥទ្ធិពលជាកូនព្យុះ ទី៦ឈ្មោះ អ៊ីន-ហ្វា TS IN-FA 2106 នៅលើសមុទ្រចិនខាងត្បូង ចំណុចខ្សែវ័ណ្ឌទី ១៤ អង្សារ ៤ នៃរយៈទទឹងខាងជើង និងខ្សែស្របទី ១១៤ អង្សា ១ នៃរយៈបណ្ដោយខាងកើត ។

ដូច្នេះហើយ យោងតាមការព្យាករ នៅថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២១ កូនព្យុះនេះ និងធ្វើដំណើរចូលទៅកោះ ហៃណាំ ប្រទេសចិន ។ នៅថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២១ កូនព្យុះ និងថមថយឥទ្ធិពលរបស់ខ្លួនទៅជា វិសម្ពាធ TD រួចចូលទៅ ប្រទេសវៀតណាមខាងជើង ខណៈដែលឥទ្ធិពលរបស់វា ក៏បានជះមកកម្ពុជា ចាប់ពីថ្ងៃទី ៥, ៦, ៧ និង ៨ ខែកក្កដា ឆ្នាំ ២០២១ នេះផងដែរ ៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖

Add a Comment

Your email address will not be published. Required fields are marked *