នៅទីបំផុតបានមករស់នៅជុំគ្នាវិញហើយ! ទីបំផុត សម្ដេច អនុញ្ញាតឱ្យម្ចាស់តោ យកតោទៅចិញ្ចឹមនៅផ្ទះវិញហើយ

កន្លងមក ប្រិយមិត្តមួយចំនួនប្រាកដជាបានដឹងហើយថា កាលពីព្រឹកថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២១ កន្លងទៅ អាជ្ញាធរបានចុះទៅកាន់ទីតាំងផ្ទះវីឡាមួយ ស្ថិតនៅផ្ទះលេខ ២២ ផ្លូវ ៣០៦ ភូមិ ៧ សង្កាត់បឹងកេងកង ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដើម្បីធ្វើការដកហូតយកសត្វតោឈ្មោលរស់មួយក្បាល មានទម្ងន់ជាង ៧០ គីឡូក្រាម ដើម្បីយកមកថែរក្សា នៅមជ្ឈមណ្ឌលថែទាំ និង សង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ។

ជុំវិញរឿងនេះ បានធ្វើឱ្យមហាជនមួយចំនួននៅកម្ពុជា ហាក់មិនសូវពេញចិត្ត ក្រោយឃើញសភាពតោមានលក្ខណៈកម្សត់ ក្រោយឃ្លាតពីម្ចាស់របស់ខ្លួន ទើបនាំគ្នាខំមិនសុំឱ្យអាជ្ញាធរយោគយល់អនុញ្ញាតឱ្យសត្វតោបានទៅរួមរស់ជាមួយម្ចាស់ខ្លួនវិញ ខណៈដែលម្ចាស់របស់គេ ព្រមបង់តាមការផាកពិន័យ និង ព្រមធ្វើលិខិតគ្រប់សព្វបែបយ៉ាង ឱ្យតែបានសត្វចិញ្ចឹមរបស់ខ្លួនមកវិញ ។

យ៉ាងណាមិញ ក្រោយក្តាប់បានរឿងសត្វតោនេះ នៅយប់ថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងតាមរយៈផេកផ្ទាល់របស់សម្តេចឱ្យដឹងថា «ល្ងាចនេះខ្ញុំបានពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម និង បានឯកភាពគ្នាថា អនុញ្ញាតឱ្យម្ចាស់តោ យកសត្វទៅចិញ្ចឹមវិញ ក្នុងលក្ខខណ្ឌម្ចាស់ត្រូវធ្វើទ្រុងឱ្យបានត្រឹមត្រូវ ដើម្បីធានាសុវត្តិភាព ទាំងមនុស្សក្នុងផ្ទះ និង អ្នករស់នៅជិតខាង» ។ ក្នុងនោះផងដែរ សម្ដេចបានថ្លែងអំណរគុណដល់ បងប្អូនជនរួមជាតិ ទាំងក្នុង និង ក្រៅប្រទេស ដែលបានផ្តល់យោបល់ និង អាណិតអាសូរចំពោះសត្វតោ ៕

Add a Comment

Your email address will not be published. Required fields are marked *