អានចប់រំភើបជំនួស! អ្នកឧកញ៉ា គិត ម៉េង ពោលពាក្យផ្អែមល្ហែម កក់ក្ដៅបំផុត ជូនពរកូនស្រីគ្រប់វ័យ ១៣ ឆ្នាំ

មិនត្រឹមតែជាសេដ្ឋីវាល់លានមានឈ្មោះល្បីនៅកម្ពុជាប៉ុណ្ណោះទេ អ្នកឧកញ៉ា គិត ម៉េង ត្រូវបានមហាជនខ្មែរស្គាល់ថាជាមេគ្រួសារមួយដ៏ផ្អែមល្ហែម ដឹកនាំគ្រួសារមួយដែលមានសុភមង្គល តែងផ្ដល់តម្លៃដល់ភរិយា និង យកចិត្តទុកដាក់ចំពោះកូនៗជាទីស្រឡាញ់របស់លោកខ្លាំងបំផុត បង្ហាញពីគំរូដ៏ល្អប្រពៃ ទៅកាន់មហាជននៅក្នុងសង្គម ។

ជាក់ស្ដែង នៅថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២១ ដែលជាថ្ងៃគម្រប់ខួបវ័យ ១៣ ឆ្នាំ របស់កូនស្រី អ្នកឧកញ៉ាគំរូរូបនេះបានបង្ហោះនូវសារជូនពរ ដែលមានអត្ថន័យអប់រំ និង ផ្អែមល្ហែមបំផុត ប្រកបដោយមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ ធ្វើឱ្យមហាជនបានអានសារជូនពរនេះចប់ មានអារម្មណ៍ថារំភើប និង រំជួលចិត្តតាម ។

សារជូនពរដ៏មានន័យ ប្រកបដោយមនោសញ្ចេតនានោះ មានខ្លឹមសារថា «វាហាក់ដូចទើបពីម្សិលមិញសោះ ដែលយើងនាំកូនស្រីតូចរបស់យើង ស៊ូណាវីន ទៅផ្ទះ ឥលូវនេះកូនបានធំឡើង ជានារីវ័យក្មេងដែលមានភាពសមសួន ។ កូនគឺជាព្រះនាងតូចរបស់យើង ។ អាកប្បកិរិយាគួរឱ្យស្រឡាញ់ និង គយគន់របស់កូន ធ្វើឱ្យផ្ទះរបស់យើងកាន់តែមានភាពរីករាយ ។ កូនមានភាពសមសួន និង មានភាពចេះដឹងនៅវ័យរបស់កូន ។ យើងពិតជាមានសំណាងណាស់ដែលបានធ្វើជាឪពុកម្តាយរបស់កូន» ។

ដោយក្ដីស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះកូនស្រី អ្នកឧកញ៉ាបានពោលបន្ថែមថា «ស៊ូណាវីន របស់យើង ពោរពេញទៅដោយភាពផ្អែមល្ហែម ហើយវត្តមានរបស់កូន មានឥទ្ធិពលដល់ជីវិតរបស់យើង ដោយក្ដីស្រឡាញ់ និង ភាពរីករាយ ។ ប៉ាចង់ឱ្យកូនដឹងថាយើងនឹងនៅក្បែរកូនជានិច្ច ដើម្បីជួយកូននៅពេលកូនឈោងចាប់ក្តីសុបិនរបស់កូន ។ ប៉ា និង ម៉ាក់ សូមជូនពរឱ្យកូនមានជីវិតពោរពេញទៅដោយសុភមង្គល និង ជួបនូវអ្វីៗទាំងអស់ដែលមានភាពអស្ចារ្យ និង ល្អជារៀងរហូត ។ យើងសូមឱ្យកូនមានសុខភាពល្អជានិច្ច ហើយសូមជូនពរឱ្យកូនត្រូវបានហ៊ុមព័ទ្ធដោយមិត្តគាំទ្រ ដែលបំផុសគំនិតកូនឱ្យធ្វើការងារប្រសើរ និង យកចិត្តទុកដាក់ចំពោះអ្នកដទៃទៀត» ។

«រីករាយថ្ងៃកំណើត ១៣ ឆ្នាំ ស៊ូណាវីន ជាទីស្រឡាញ់របស់ប៉ា ។ កូននៅតែជាព្រះនាងតូចរបស់យើងជានិច្ច មិនថាកូនមានអាយុប៉ុនណាទេ ។ ប៉ាម៉ាក់ និង បងប្អូនប្រុសស្រីរបស់កូន នឹងតែងតែធ្វើជាបង្អែករបស់កូនជានិច្ច ។ យើងស្រឡាញ់កូនខ្លាំងណាស់» ៕

Add a Comment

Your email address will not be published. Required fields are marked *