កំសត់ណាស់! លោកយាយ​ពិការ​សុំ​ក្តី​មេត្តា​ពី​សំណាក់​សប្បុរសជននា​ជីវិត​ចុង​ក្រោយ ត្រឹមតែ…

លោកយាយ​ពិការ​មួយ​រូប​បាន​លើកដៃ​សំពះ​សុំ​ក្តី​មេត្តា​ពី​សំណាក់​សប្បុរសជន​ដែល​មានចិត្ត​មេត្តា​សូម​ជួយ​ដល់​លោកយាយ​ផង ព្រោះ​ពេល​នេះ​ជីវភាព​លោកយាយ​មានការ​លំបាក​ខ្លាំង​ណាស់​និយាយ​រួម គឺ​មិនសូវ​មាន​របស់របរ​ម្ហូបអាហារ​ហូប​ចុក​គ្រប់គ្រាន់​ដូច​គ្រួសារ​ដទៃ​នោះ​ទេ ។

ពេល​នេះ​ទៀត សោត​លោកយាយ​មាន​អារម្មណ៍​ថា ចង់​ហូប​ឆ្ងាញ់​ឱ្យ​បាន​មួយ​ពេល ឬ​ពីរ​ពេល មុន​ពេល​ដែល​លោកយាយ​លាចាក​លោក​នេះ​ទៅ ស្ថិត​ក្នុង​ស្ថានភាព​ពិការ​ផង​នោះ លោកយាយ​ស៊ូ​យឿ​ន អាយុ ៦៥​ឆ្នាំ រៀបរាប់​ទាំង​ទឹកភ្នែក​ថា លោកយាយ​មានស្រុក​កំណើត​នៅ​ភូមិ​ក្រាំង​ស្វាយ ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង​ខេត្តកំពង់ស្ពឺ លោកយាយ​ត្រូវ​បាន​ឪពុក​ម្ដាយ​ទុកដាក់​អោយ​មានគូស្រករ​ដូច​អ្នក​នៅ​ក្នុងភូមិ​ដទៃ​ដែរ លុះ​ក្រោយមក​ក្រោយ​ឆ្នាំ​៧៩ ទើប លោកយាយ និង​ប្ដី​បង្កើត​បានកូន​ប្រុស​បី​នាក់ ។

នៅ​ឆ្នាំ​មិន​ចាំ ក្រោយ​ពេល​ដែល​លោកយាយ​បង្កើត​កូនប្រុស​ទី​បី​(​បច្ចុប្បន្ន​អាយុ​២៥​ឆ្នាំ​) បាន​មួយ​ខែ ប្ដី​របស់​លោកយាយ​ចេញពីផ្ទះ​បាត់​ដំណឹង​សូន្យឈឹង រហូត​មក​ដល់​សព្វថ្ងៃ​មិនដឹង​ថា ស្លា​.​ប់ ឬ​រស់​នោះ​ទេ ហើយ​លោកយាយ​ក៏​គ្មាន​លទ្ធភាព​តាម​ស្វែងរក​ដែរ ។ លោកយាយ​បន្ត​ថា សព្វថ្ងៃ​គាត់​រស់នៅ​បាន គឺ​អាស្រ័យ​អ្នក​ភូមិ​ផង​របង​ជាមួយ ជា​ពិសេស​លោក​មេ​ភូមិ​ដែល​តែងតែ​យកចិត្តទុកដាក់​ជាមួយ​លោកយាយ មាន​ពេល​ខ្លះ​លោកយាយ​ត្រូវ​បាន​អ្នក​ភូមិ​ហុច​បាយ​ទឹក​ព្រឹកល្ងាច នៅ​ពេល​ដែល​លោកយាយ​ខ្វះខាត​ម្ដង​ៗ​ជាង​នេះ​ទៅ​ទៀត រាល់ថ្ងៃ​បានកូន​ប្រុស​ទាំង​ពីរ​របស់​គាត់​រកស៊ី​ចិញ្ចឹម​ដើរ​ស៊ី​ឈ្មួ​ល​មើល​គោក្របី​អោយ​គេ​(​គាត់​នៅផ្ទះ​) ចំណែក​កូន​បង​មិនដឹង​ថា ពេល​នេះ​គេ​ទៅ​ដល់​ទីណា​នោះ​ទេ ព្រោះ​ចេញ​បាត់​ពី​ផ្ទះ​ទៅ​យូរហើយ ។

អ្វី​ដែល​លោកយាយ​ចង់បាន​នៅ​ពេល​នេះ គឺ​ចង់បាន​របស់របរ​គ្រឿង​ឧបភោគបរិភោគ​ហូប​ឆ្ងាញ់​នា​ជីវិត​ចុង​ក្រោយ​បាន​ម្តង​ព្រោះ​តាំងពី​ដើម​មក​លោកយាយ​មិន​ដែល​ស្គាល់​អ្វី​ដែល​ហៅ​ថា ម្ហូបអាហារ​ឆ្ងាញ់​នោះ​ទេ លោកយាយ​មាន​តែ​លើក​ម្រាមដៃ​ដប់​សំពះ​សុំ​ក្តី​មេត្តា​ពី​សំណាក់​សប្បុរសជន​ដែល​មានចិត្ត​បុណ្យ សូម​ជួយ​សម្រេច​បំណង​លោកយាយ​នា​ជីវិត​ចុង​ក្រោយ​នេះ​បាន​ម្ដង​ផង ។ លោក​ព្រំ សំ​អន មេ​ភូមិ​ក្រាំង​ស្វាយ ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​យើង​ថា គ្រួសារ​លោកយាយ ស៊ូ​យឿ​ន គឺ​ក្រីក្រ បើ​និយាយ​ពី​ក្រ គឺ​ហៅ​លែង​ឮ​តែ​ម្ដង តែ​កន្លង​មក​លោកយាយ​ធ្លាប់​ត្រូវ​បាន​អាជ្ញាធរ​ស្រុក និង​កាកបាទក្រហម​ផ្ដល់​អំណោយ​ឲ្យ​ខ្លះ​ដែរ ដែល​អំណោយ​ទាំងនោះ​អាច​ជួយ​ដោះ​ទាល់ លោកយាយ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​បាន​មួយ​រយៈ​ដែរ គឺ​មិន​អាច​ទ្រទ្រង់​ជីវភាព​បាន​ជាប់​ជា​ប្រចាំ​នោះ​ទេ ។

ក្នុង​នាម​អាជ្ញាធរ គឺ​បាន​ស្វះ​ស្វែងរក​សប្បុរសជន​មក​ជួយ​ដល់​លោកយាយ​មាន​ជាប់​ជា​ហូរហែរ​រហូត​មក​ដែរ នា​ពេល​កន្លង​មក​ម្យ៉ាងទៀត​សោត លោកយាយ​ត្រូវ​បាន​អាជ្ញាធរ​ផ្តល់​បណ្ណ​ក្រីក្រ​ប្រភេទ​មួយ​នឹង​បាន​ទទួល​ប្រាក់​ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល​ជា​រៀង​រាល់ ថ្ងៃ​ទី​២៥ ប្រចាំខែ​នីមួយ​ៗ គឺ​បើក​តាម​រយៈ​វី​ង ។ ក្នុង​នាម​អាជ្ញាធរ​លោក​មិន​ព្រងើយកន្តើយ​ចំពោះ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​នោះ​ទេ គឺ​លោក​តែងតែ​យកចិត្តទុកដាក់​ហើយ​រាយការណ៍​ទៅ​ថ្នាក់លើ​ជាប់​ជា​ប្រចាំ ម្យ៉ាងវិញទៀត បើ​អស់លោក​អ្នកមាន​ចិត្តសប្បុរស​ចង់​ជួយ​ដល់​លោកយាយ ឬ​ក៏​ធ្វើបុណ្យ​ជាមួយ​មនុស្ស​ដែល​មាន​ជីវភាព​ទីទាល់​ក្រ​ដូច​ជា លោកយាយ​សូម​អញ្ជើញ​មក​កាន់​ភូមិ​ក្រាំង​ស្វាយ​ឃុំ​រលាំងគ្រើល​នោះ​អាជ្ញាធរ​យើងខ្ញុំ​នឹង​ជូន​ទៅ​ឲ្យ​ដល់​ផ្ទះ​ដែល​លោកយាយ​ស្នាក់​នៅ​តែ​ម្ដង​៕ ប្រភព Koh Santepheap Daily

Add a Comment

Your email address will not be published. Required fields are marked *