មហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង! ធ្លាយរឿងវត្តមួយចំនួននៅភ្នំពេញ បូជាសពមួយៗតម្លៃខ្ទង់ពាន់ដុល្លារ

តាមរយៈគណនីផ្លូវការ ឯកឧត្តម អ៊ឹម បុរិន្ទ គណៈកម្មការរៀបចំបុណ្យជាតិ និង អន្តរជាតិ និង ជាគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និង ប្រពៃណីទំនៀមទម្លាប់ខ្មែរ បានឱ្យដឹងថា កាលពីពេលថ្មីៗនេះលោក និង គ្រួសារ បាន និង កំពុងជួបទុក្ខក្រៀមក្រំយ៉ាងខ្លាំង ក្រោយកូនស្រីជាទីស្រឡាញ់របស់លោកបានទទួលមរណភាព ។

ជាមួយគ្នានឹងមរណភាពកូនស្រី ឯកឧត្តម អ៊ឹម បុរិន្ទ គណៈកម្មការរៀបចំបុណ្យជាតិ និង អន្តរជាតិ និង ជាគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និង ប្រពៃណីទំនៀមទម្លាប់ខ្មែរ និង ក្រុមគ្រួសារមានការស្រណោះស្រណោកយ៉ាងខ្លាំង ។ ជាមួយនឹងក្តីទុក្ខក្រៀមក្រំនេះដែរ ឯកឧត្តម អ៊ឹម បុរិន្ទ ក៏បានរៀបរាប់ត្អូញត្អែររឿងរ៉ាវមួយចំនួនដែលលោកបានជួបប្រទះ និង មានពលរដ្ឋមួយចំនួនទៀតបានជួបប្រទះដូចលោកដែរ ទាក់ទងនឹងការធ្វើពិធីបុណ្យសព និង បូជាសពនៅតាមទីប៉ាឆាក្នុងវត្តមួយចំនួន នៅទីក្រុងភ្នំពេញ ដែលហាក់បានឆ្លៀតឱកាសធ្វើអាជីវកម្មលើមរណទុក្ខ ពីក្រុមគ្រួសារសាកសព ។

ដោយសារបានជួបផ្ទាល់ ឯកឧត្តមសាស្ត្រាចារ្យខាងលើ បានឱ្យដឹងថា ខណៈដែលលោកបានបាត់បង់កូនស្រីជាទីស្រឡាញ់ កាលពីនៅថ្ងៃទី ១៧-១៨ ខែមិថុនា ឆ្នាំ ២០២១ កន្លងទៅនោះ លោក និង ក្រុមគ្រួសារ បានដឹកសពទៅតម្កល់ធ្វើបុណ្យ និង បូជាសព នៅបរិវេណទីប៉ាឆា វត្តសំបួរមាស ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមរយៈពិធីបុណ្យនោះ ឯកឧត្តមបានចំណាយអស់ថវិកាច្រើនសន្ធឹកផងដែរ ។ យ៉ាងណាមិញ រហូតដល់ថ្ងៃបុណ្យ ៧ ថ្ងៃរបស់កូនស្រី ស្រាប់តែមានលោកតាលោកយាយមកពីទីផ្សេងៗខ្លះៗ បាននិយាយទាក់ទងរឿងចំណាយក្នុងពិធីបូជាសពប្រាប់លោកថា «នៅវត្តគាត់ ការបូជាសពមួយថ្លៃ ១៥០០ ដុល្លារ ខ្លះទៀតថានៅវត្តគាត់មានតម្លៃដល់ទៅ ១៨០០ ដុល្លារឯណោះ ។ អ៊ីចឹងវត្តដែលមានមេរុភាគច្រើននៅទីក្រុងភ្នំពេញ គឺបូជាសពមួយៗមានតម្លៃខ្ពស់ណាស់ ស្ទើរគ្រប់វត្តទៅហើយ»។

ខាងក្រោមនេះ គឺជាការរៀបរាប់របស់ ឯកឧត្តម អ៊ឹម បុរិន្ទ ជុំវិញការចំណាយ នៅក្នុងពិធីបុណ្យសពកូនស្រីរបស់លោក ៖
– អំពីរថយន្តដឹកសព ចេញពីបុរីពិភពថ្មីចំការដូង ដល់ទីប៉ាឆាវត្តសំបួរចម្ងាយ ១២០០ ម៉ែត្រ តម្លៃ ៨០ ដុល្លារអាមេរិកស្មើរនឹង (៣២៨ ០០០ ៛)
– មេរុបូជាសព (មេរុរបស់វត្ត) ដែលពុទ្ធបរិស័ទមានសទ្ធាជ្រះថ្លាកសាងទុកបូជាសពពុទ្ធសាសនិកជន (មេរុកសាងអំពីថ្ម) តម្លៃសពមួយរូប ៧០០ ដុល្លារអាមេរិក ស្មើនឹង ២ ៨៧០ ០០០ ៛ ក្នុងនោះមានក្ដារម្ឈូសធ្វើអំពីក្ដារកុងផ្លាកេមួយសម្រាប់ដាក់សព ។
– ឫស្សីដាក់សំឡីជ្រលក់ប្រេងកាតមួយដើមសម្រាប់ឈួលភ្លើងតម្លៃ ៤៨ ០០០៛ ។
– ដោយឡែករួមមានលោកអាចារ្យយោគីពីរនាក់ និង យាយជី ៥ ទៅ ៦ នាក់ គាត់និយាយថាគាត់រស់នៅទីនេះរកស៊ីមុខរបរនឹង ២០ ឆ្នាំមកហើយ ។ ពួកគាត់តែងតែណែនាំពួកយើងទិញនេះទិញនោះដាក់ឱ្យសព ក្រុមគ្រួសារដែលកំពុងរងទុក្ខ និង សោកសង្រែងអាណិតកូនផង បង ឬ ប្អូនផង ចេះតែធ្វើតាមគាត់ទាំងអស់ ហើយរបស់ទាំងអស់នោះថ្លៃៗកប់ពពក ។
– នៅមានរឿងគួរឱ្យហួសចិត្តពីររឿងទៀតនោះគឺ៖ ទី ១ គឺប៉ាឡុងដែលរៀបចំសម្រាប់សពតម្លៃ ៨០ ដុល្លារ ស្មើ ៣២៨ ០០០ ៛ ដែលអាចារ្យតម្រូវឱ្យជាវដែរនោះ យើងខ្ញុំសង្កេតឃើញថាគ្រាន់តែដាក់បញ្ឈរក្បែរៗទីនោះតែមិនបានឱ្យព្រះសង្ឃវេរទេ ហើយចប់កម្មវិធីហើយក៏មិនឃើញព្រះសង្ឃយកទៅដែរ ។ ទី ២ ចំណែកយាយជីដែលគាត់រស់នៅប្រកបរបរនេះដុះស្លែរនោះ គាត់បានដើរប្រមូលក្រដាសមាសក្រដាសប្រាក់ដែលបាចនៅពេលហែសពជុំវិញមេរុនោះមករៀបចំទុកវិញសម្រាប់លក់ឱ្យសពក្រោយៗទៀត ។
– សម្រាប់លោកអាចារ្យយោគី យាយជី ការចំណាយទៅលើពួកគាត់ត្រូវចំណាយប្រហែល ៣០០ ដុល្លារទៀត» ។

បន្ទាប់ពីបានឃើញការសរសេររៀបរាប់របស់ ឯកឧត្តម អ៊ឹម បុរិន្ទ លើបណ្ដាញសង្គមហ្វេសប៊ុករួចមក មានបណ្ដាមហាជនជាច្រើន មានការចាប់អារម្មណ៍យ៉ាងខ្លាំង និង ចែករំលែកបន្ដគ្នាយ៉ាងច្រើនព្រោងព្រាត៕

Add a Comment

Your email address will not be published. Required fields are marked *