សង្វេគចិត្តជាខ្លាំង! ម្ចាស់ឱសថស្ថានមួយកន្លែងស្រក់ទឹកភ្នែក ព្រោះឃើញអ្នករើសអេតចាយម្នាក់សំពះសុំរឿងមួយ

ថ្មីៗនេះ ឱសថស្ថានមួយកន្លែង ទទួលបានការកោតសសើរមិនដាច់ពីមាត់ ពីមហាជន ក៏ដូចជាអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក បន្ទាប់ពីបានឃើញសកម្មភាព បង្ហាញក្តីអាណិត និងតែងតែផ្តល់ក្ដីអនុគ្រោះដល់អ្នកទីទាល់ក្រ ខ្វះខាត អាចទៅជំពាក់ថ្លៃថ្នាំ ដើម្បីយកទៅព្យាបាលសមាជិកគ្រួសារពួកគេ។

ហើយនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ម្សិលមិញនេះ ម្ចាស់ឱសថស្ថានខាងលើ បង្ហាញក្ដីអាណិតដល់អ្នករើសអេតចាយម្នាក់រហូតស្រក់ទឹកភ្នែក ព្រោះបានឃើញស្ថានភាពគ្រួសារគាត់មានការលំបាកខ្លាំងពេក រហូតលើកដៃសំពះ មកសុំជឿថ្លៃថ្នាំដើម្បីយកឲ្យប្តីកំពុងតែឈឺ។

តាមរយៈគណនីហ្វេសប៊ុកម្ចាស់ឱសថស្ថាន ឈ្មោះ Lach Siek Heng ក៏បានសរសេររៀបរាប់ថា៖ «ខ្ញុំស្រក់ទឹកភ្នែកដោយសារគាត់លើកដៃសំពះអរគុណ បងស្រីគាត់មានរបររើសអេតចាយ និងទិញអេតចាយតាមរទេះ គាត់មកប្រាប់ថា ថ្ងៃនេះរកបានតែ២ ០០០៛ទេ អត់លុយមែន តែប្តីឈឺ ក្តៅគ្រុនផ្តាសាយធំ មកសុំជឿថ្នាំ។ ខ្ញុំនិយាយថាអត់អីទេ អ្នកអត់លុយក៏អាចជឿថ្នាំខ្ញុំ យកទៅពិសារបានគ្រប់គ្នា។

ខ្ញុំតែងប្រាប់អ្នកខ្សត់ជានិច្ច ដូចកាលបងស្រីកម្មកររោងចក្រកូនក្តៅខ្លួនអត់ហ៊ានមករកថ្នាំឲ្យកូនលេប ព្រោះអត់លុយ រោងចក្រអត់ទាន់បើកលុយ កូនគាត់ក្តៅតាំងពីថ្ងៃរហូតល្ងាចភ្លៀង ទើបដាច់ចិត្តទទូលឆ័ត្រ មករកថ្នាំឲ្យកូនលេប។

ក្រោយមកមានកម្មករសំណង់ខាងផ្លូវ60ម៉ែតអត់លុយដូចគ្នាដាច់ចិត្តមកសុំជឿថ្នាំ។ខ្ញុំឲ្យជឿគ្រប់គ្នាសម្រាប់អ្នកខ្សត់ ដោយក្នុងចិត្តមិនគិតរំពឹងសំណងទេ តាមទឹកចិត្តគាត់សងក៏សង មិនសងក៏អត់។ មានយប់មួយម៉ោង១០យប់ អ៊ីម្នាក់មកគោះទ្វារ ខ្ញុំឆ្ងល់ណាស់ថា មកគោះអីយប់ ដល់សួរគាត់ថាទើបមកពីថៃមកសងលុយជំពាក់ថ្លៃថ្នាំកាលឆ្នាំមុន ឮហើយចង់ស្រក់ទឹកភ្នែក ចោលឲ្យគាត់ខ្លះទៀត អត់យកតាមលុយនៅសល់ទេ។ ខ្ញុំមិនដឹងម៉េចចិត្តទន់អាណិតអ្នកក្រ។ខ្ញុំជឿថាអ្នកក្រពិតប្រាកដគឺស្មោះត្រង់ណាស់»៕

Add a Comment

Your email address will not be published. Required fields are marked *