រៀបការ៥០ឆ្នាំ ថ្ងៃចុងក្រោយប្រពន្ធសួរថា ជាតិក្រោយតាចង់ធ្វើប្ដីខ្ញុំទៀតអត់ បែរតាឆ្លើយថា.

ក្ដីស្រលាញ់ល្អៗ អ្នកណាៗក៏ចង់បានគ្រប់គ្នា តែប្រសិនបើយើងជ្រើសរើសមិនបានត្រឹមត្រូវ យើងក៏ត្រូវទ្រាំរស់នៅជាមួយនឹងអ្វីដែលយើងរើស ហើយគ្មានក្ដីសុខជាមួយនឹងអ្វីដែលធ្វើដែរ។ ថ្ងៃនេះយើងបាននាំយករឿងរ៉ាវមកចែករំលែកឲ្យអ្នកទាំងអស់គ្នាបានអាន ពេលអានចប់ជឿថា អ្នកទាំងអស់គ្នាប្រាកដជាបានដឹងអំពីទឹកចិត្ត ក្ដីស្រលាញ់ មនោសច្ចេតនា ជាច្រើនពីអត្ថបទនេះ។រឿងរ៉ាវក្ដីស្នេហ៍ដែលស្រលាញ់គ្នាគង់វង្សយូរអង្វែង មិនមែនគ្រាន់តែមើលលើរូបរាងខាងក្រៅនោះទេ តែនៅមានអ្វីច្រើនជាងនោះ ហើយមនុស្សដែលអាចរស់នៅជាមួយគ្នាបានរហូតដល់ទៅ ៥០-៦០ឆ្នាំ ត្រូវមានអ្វីដែលអាចបំពេញឲ្យគ្នាទៅវិញទៅមកបាន បើមិនដូច្នោះប្រហែលជាមិនអាចនៅជាមួយគ្នាបានយូរដល់ថ្នាក់នេះទេ។ ប្រសិនបើសេពគប់គ្នាគ្រាន់តែមើលឋានៈបុណ្យស័ក្ដិ ឬភាពស្រស់ស្អាតខាងក្រៅ ថ្ងៃណាមួយយើងធ្លាក់ខ្លួនក្រ ឬលែងស្អាតដូចមុន ប្រហែលជាគ្មានអ្នកណាទទួលយកបាននោះទេ ហើយអាចដល់ថ្នាក់បែកបាក់គ្នានៅគ្រានោះទៀតផង។

គ្រប់គ្នាកើតមកត្រូវតែរលត់សង្ខារទៅវិញដូចគ្នា មិនបានយកអ្វីទៅជាមួយសូម្បីរូបរាងកាយ។ ចំណែករឿងរ៉ាវខាងក្រោម លោកយាយម្នាក់នេះឈឺធ្ងន់បានដេកនៅលើគ្រែហើយដឹងថា ខ្លួនឯងសល់ពេលមិនយូរទៀតនោះទេ តែពេលមើលទៅឃើញមានលោកតានៅក្បែរមើលថែមិនទៅណា ទើបត្រឡប់ទៅនឹកដល់រឿងរ៉ាវកាលពីជាង ៥០ឆ្នាំមុន។កាលពីមុនលោកយាយ គឺជាស្រីស្អាតមានឈ្មោះបោះសំឡេង ធ្វើឲ្យគាត់ក្លាយជាទីចាប់អារម្មណ៍របស់គ្រប់គ្នា ប៉ុន្ដែលោកយាយមានគូស្នេហ៍រួចទៅហើយ គឺជាលោកគ្រូប្រចាំសាលាក្នុងភូមិតូចមួយ។ មានឆ្នាំមួយនោះ ឪពុករបស់លោកយាយបានធ្វើដំណើរទៅក្នុងក្រុង ដើម្បីបំពេញធុរៈ ពេលត្រឡប់មកផ្ទះវិញក៏បានជួបនឹងចោរប្លន់ តែនឹកស្មានមិនដល់ថា មានបុរសម្នាក់បានចេញមកជួយ រហូតត្រូវពួកចោរវា យធ្វើបា បយ៉ាងធ្ងន់ធ្ងរទៀតផង មុនពួកគេរត់គេចខ្លួន។

បុរសម្នាក់នេះត្រូវសម្រាកនៅឯផ្ទះរបស់លោកយាយរាល់ថ្ងៃ កាលនោះលោកយាយត្រូវបញ្ចុកបាយទឹក ដើម្បីតបស្នងគុណបុណ្យដែលបានជួយជីវិតឪពុករបស់លោកយាយ។ តែក្រោយពេលជាសះស្បើយពីជំងឺ បុរសម្នាក់នេះគាត់បានជួយធ្វើចម្ការ និងមើលថែអ្នកក្នុងក្រុមគ្រួសាររបស់លោកយាយបានយ៉ាងល្អវិញ ធ្វើឲ្យឪពុករបស់លោកយាយពេញចិត្តយ៉ាងខ្លាំង ហើយក៏ចង់ឲ្យលោកយាយរៀបការជាមួយនឹងបុរសនេះ (ពេលនោះលោកយាយនៅលីវ)។ពេលវេលាកន្លងផុតទៅច្រើនឆ្នាំ ប្រទេសចិន សម័យថ្មីកំពុងតែកើតឡើង ភាពចលាចល ភាពក្រខ្សត់កំពុងតែរីករាលដាលពេញទីក្រុង ឪពុកលោកយាយក៏លាចាកលោកដែរ តែបន្សល់បណ្ដាំមួយ គឺសុំឲ្យលោកយាយរៀបការជាមួយបុរសនោះ។ ពួកគាត់ក៏បានរៀបការជាមួយគ្នាទាំងលោកយាយមិនមានចិត្តស្រលាញ់ឡើយ។ យ៉ាងណា ក្រោយមកពួកគាត់ទទួលបានកូន ២នាក់ គាត់រស់នៅយ៉ាងលំបាក ហើយគឺជាឆ្នាំដែលកូនទី ២ របស់គាត់ចូលសាលារៀន តែគាត់គ្មានលុយទើបលោកតាគាត់ប្រាប់ថា គាត់នឹងទៅរកសាច់ញាតិគាត់ដើម្បីខ្ចីលុយ។តែតាមពិតលោកតាគ្មានសាច់ញាតិបងប្អូនឯណាទេ មកដឹងពេលក្រោយ គឺគាត់លក់ឈា មរបស់ខ្លួនឯងដើម្បីប្ដូរយកលុយ។ ថ្ងៃនោះដែរ លោកតាត្រឡប់មកផ្ទះព្រមជាមួយលុយមួយចំនួន ដើម្បីបង់ថ្លៃសាលារៀនឲ្យកូនគាត់។ ត្រឡប់មកដល់ពេលនេះវិញ លោកយាយសម្លឹងមើលមុខលោកតា ហើយនិយាយថា ប្រសិនបើជាតិក្រោយមានពិត លោកតានៅចង់ក្លាយជាប្ដីរបស់ខ្ញុំទៀតទេ?

លោកតាមើលមុខលោកយាយទាំងញញឹមហើយនិយាយថា មិនប្រាកដនោះទេ! ហេតុអ្វីទៅតា? ប្រសិនបើជាតិក្រោយ ខ្ញុំកើតមកជាអ្នកមាន មានមុខតំណែងល្អគាត់នឹងទៅរកលោកយាយ ដើម្បីប្រើជីវិតរស់នៅជាមួយលោកយាយយ៉ាងមានក្ដីសុខ តែប្រសិនបើកើតមកក្រីក្រ ខ្ញុំសុំមិនទៅរកយាយឯងទេ តែខ្ញុំនឹងទៅរកបុរសណាដែលមានធូរធារឲ្យមករៀបការជាមួយលោកយាយ ខ្ញុំសុំត្រឹមតែនៅក្បែរផ្ទះលោកយាយក៏បាន ព្រោះពេលឃើញយាយឯងមានក្ដីសុខ ខ្ញុំក៏មានក្ដីសុខដែរ។លោកយាយស្ដាប់លោកតានិយាយចប់ ទឹកភ្នែកស្រក់ចុះហើយនិយាយទៅលោកតាថា ខ្ញុំជិតដល់ពេលត្រូវទៅហើយណា សុំឱបជាលើកចុងក្រោយបានទេ? លោកតាក៏ប្រញាប់ស្ទុះទៅឱបលោកយាយយ៉ាងណែន ហើយនិយាយថា បើជាតិក្រោយមានពិតយើងកើតជាប្ដីប្រពន្ធនឹងគ្នាទៀតណា៕

Add a Comment

Your email address will not be published. Required fields are marked *